សូមចូលរួមអបអរសាទរ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានជ្រើសរើសតាំង ដោយការបោះឆ្នោត ជាប់ជាប្រធានសភាពាណិជ្ជកម្ម ក្នុងអាណត្តិទី៤នេះ ដោយសម្លេងបោះជូនបេក្ខភាព អ្នកឧកញ៉ា គិត ម៉េង បាន១៥សម្លេង ឲ្យបន្តដឹកនាំភាពជាប្រធានតទៅទៀត។
ថ្លែងក្នុងពិធីប្រជុំជ្រើសរើសតាំងប្រធាសភាពាណិជ្ជកម្មនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន តាមរយៈការផ្តល់នូវសេវាសាធារណៈប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព ដើម្បីលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកអត្ថប្រយោជន៍ពីការធ្វើ សមាហរណកម្ម ទៅក្នុងកម្រិតតំបន់ និងពិភពលោក។
ការបញ្ជាក់របស់រដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ លើកទី១ ដែលរៀបចំឡើងនៅទីស្នាក់ការ សភាពាណិជ្ជកម្មកម្ពុជា នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មរាជធានី-ខេត្តជាង១០០នាក់។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិថ្មី និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសភាពាណិជ្ជកម្មទាំងអស់ ពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលថែមទៀត ដើម្បីដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ។